(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងមានការចូលរួមពីលោក ម៉ាន់ ឈឿន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋ ឱ្យថែទាំសុខភាពឱ្យបានល្អ និងខិតខំប្រកបរបររកស៊ីឱ្យទទួលបាននូវការរីកចម្រើនជានិច្ច ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ការផ្ដាំផ្ញើនេះ បានធ្វើឡើងដោយមានការចូលរួមពីសមាគមនារីខណ្ឌ លោកចៅសង្កាត់ និងសមាគមនារីសង្កាត់ ក្នុងពេលដែល លោកទាំងពីរនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកផ្ដល់ជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងជីវភាពរស់នៅ ចំនួន១៥គ្រួសារ ដែលរស់នៅតាមបណ្ដាសង្កាត់ទឹកល្អក់ទី៣ សង្កាត់បឹងសាទ្បាង និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនេះ ប្រជាពលរដ្ឋទាំង១៥គ្រួសារ សូមថ្លែងអំណរអរគុណយ៉ាងក្រៃលែង និងសូមជូនពរចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់ពីពួកគាត់ទទួលបានអំណោយ ដើម្បីបន្តផ្គត់ផ្គង់ជីវភាពបានមួយរយៈ ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក មានដូចជាអង្ករ មី កន្សែងពោះគោ និងថវិកាមួយចំនួន៕









