ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីក្រុមមេធាវីពិស្សុត និងសហការីដឹកនាំដោយឯកឧត្តម ហាក់ សុភារិទ្ធ ប្រធានក្រុមមេធាវីពិស្សុត និងសហការី។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ជូនដល់ក្រុមមេធាវីអំពីស្ថានភាពក្នុងខេត្តសៀមរាបថា កាលពីផ្ទុះអាវុធដំបូងនៅតាមបណ្តាព្រំដែនមានបងប្អូនប្រជាពលរដ្ឋបានភៀសសឹកមករកទីតាំងសុវត្ថិភាពនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបប្រមាណជាង៥ម៉ឺនក្នុងអំឡុងពេលផ្ទុះអាវុធដំបូង ជាមួយគ្នានេះ ខេត្តក៏បានរៀបចំទីតាំងសុវត្ថិភាពចំនួន ១៤១ទីតាំង ដើម្បីត្រៀមសម្រាប់បងប្អូនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាបន្ថែមថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋបាននៅទីតាំងសុវត្ថិភាពប្រមាណជាង ៣,០០០នាក់ ជាមួយនឹងការស្នាក់នៅនេះ រដ្ឋបាលខេត្តបានផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគជាប្រចាំ ម្យ៉ាងទៀត ក៏មានសប្បុរសជនបានឧបត្ថម្ភគាំទ្រទាំងសម្ភារ និងគ្រឿងឧបភោគបរិភោគផងដែរ។ បន្ថែមពីនេះ ខេត្តក៏បានរៀបចំនូវកន្លែងហាត់កីឡា និងអប់រំ ត្រៀមនូវមន្ត្រីសុខាភិបាលប្រចាំការសម្រាប់ពិនិត្យ សង្គ្រោះ និងព្យាបាលដល់ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ពាក់ព័ន្ធនឹងបងប្អូនជនភៀសសឹក សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនដោយតាមដានជាប្រចាំ។ កន្លងមកយើងក៏បានរៀបចំកន្លែងសម្រាប់ដល់ក្មួយៗសិស្សានុសិស្សនៅខេត្តឧត្តរមានជ័យ បានប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តសៀមរាប។ ម្យ៉ាងទៀត ក្រៅពីបងប្អូនជនភៀសសឹករដ្ឋបាលខេត្តក៏បានត្រៀមមន្ទីរពេទ្យសម្រាប់ជួយសង្គ្រោះ ដល់យោធិនជួរមុខផងដែរ។
ដោយឡែក សម្តេចធិបតី និងលោកជំទាវក៏បានយកចិត្តទុកខ្ពស់ផងដែរ ចំពោះក្រុមគ្រួសារយោធិនដែលបានពលីដោយបានផ្តល់នូវថវិកា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ សាងសង់ផ្ទះ១ខ្នង និងផ្តល់ក្របខណ្ឌទាហានមួយនាក់ដល់កូនយោធិនដែលបានពលីផងដែរ។
ឯកឧត្តម ហាក់ សុភារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីផ្តល់ឱកាសបានជួបសំណេះសំណាលជាមួយក្រុមមេធាវីក្រុមមេធាវីពិស្សុត និងសហការីនាពេលនេះ។
ឯកឧត្តមបានបន្តថា ក្រុមមេធាវីនឹងចុះទៅទីតាំងបងប្អូនជនភៀសសឹកនៅស្រុកស្រីស្នំនាថ្ងៃស្អែក ដើម្បីបានឃើញនូវទិដ្ឋភាពរស់នៅជាក់ស្តែងរបស់បងប្អូនជនភៀសសឹក។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមក៏បាននាំយកនូវអង្គរ ៥០០គីឡូក្រោម, ត្រីខកំប៉ុង ១កេសធំ, ទឹកសុទ្ធ ១០កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, មីជាតិ ៣០កេស និងថវិការ ១លានរៀល។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម ហាក់ សុភារិទ្ធ និងសហការី ដែលបានចំណាយពេលវេលា និងធនធាន ដើម្បីឧបត្ថម្ភគាំទ្រដល់បងប្អូនជនភៀសសឹកតាមរយៈរដ្ឋបាលខេត្តនាពេលនេះ ៕
Tags:
ព័ត៌មានជាតិ















